ចេញពីជក់គ្រឿងញៀនជិះម៉ូតូឌុបលាក់ដាវក្នុងកាបូប ត្រូវនគរបាលឃាត់ខ្លួន
ថ្ងៃព្រហស្បតិ៍ ទី៦ ខែតុលា ឆ្នាំ២០១៦
រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ និងកម្លាំងនគរបាលអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ បានធ្វើការចាប់ខ្លួនបាន បន្ទាប់ពីពួកគេជិះម៉ូតូឌុបមួយគ្រឿងចេញពីជក់គ្រឿងញៀន នៅម្ដុំមុខមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឆ្ពោះទៅកាន់ភូមិទួលពង្រ សង្កាត់ចោមចៅ ដោយមានលាក់ដាវ១ដើមនៅក្នុងកាបូបស្ពាយមួយ នៅពីក្រោយខ្នងផង។ ហើយដោយឃើញគួរឲ្យសង្ស័យ កម្លាំងនគរបាលខាងលើក៏បានធ្វើការឃាត់ខ្លួនត្រួតពិនិត្យ រកឃើញដាវនោះក៏បានចាប់ខ្លួននាំទៅកសាង សំណុំរឿងចាត់ការតាមច្បាប់តែម្ដង។
ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ នៅតាមផ្លូវវេងស្រេង ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទាំងពីរនាក់នោះ ម្នាក់ឈ្មោះ ហួត ហម អាយុ២៦ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើតនៅក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហើយស្នាក់នៅផ្ទះជួលក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ។ រីឯម្នាក់ទៀតឈ្មោះ សំ រដ្ឋា អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រកាត់ដេរ មានស្រុកកំណើតនៅក្នុងភូមិត្រពាំងថ្លាន់ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ស្នាក់នៅផ្ទះជួល ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ។
នគរបាលបានឲ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងនគរបាលខាងលើ បានដើរល្បាតពួនស្ទាក់បទល្មើស នៅក្នុងមូលដ្ឋាន ហើយបានប្រទះឃើញជនសង្ស័យ ពួកគេកំពុងឈររេរានៅតាមផ្លូវ ហើយក៏មានបុរសអ្នក រត់ម៉ូតូឌុបម្នាក់ស្ថិតនៅក្បែរនោះដែរ។ ខណៈនោះដោយមានការសង្ស័យ កម្លាំងបានចូលទៅធ្វើការសួរនាំ ទើបដឹងថាពួកគេជិះម៉ូតូឌុបនោះ ប៉ុន្តែត្រូវបានអ្នកម៉ូតូឌុបទម្លាក់ចោលនៅទីនោះ ដោយមិនហ៊ានឌុបបន្តដំណើរទៅមុខទៀតឡើយ ព្រោះនៅតំបន់នោះស្ងាត់ពេក កន្លងមកធ្លាប់មានសកម្មភាពចោរកាប់ប្លន់ម៉ូតូជាញឹកញាប់ អ្នករត់ឌុបនោះខ្លាចមានគ្រោះថ្នាក់ទើបមិនហ៊ានទៅក៏ឈប់នៅទីនោះ។
ប្រភពដដែលបានបន្តថា បន្ទាប់មកកម្លាំងនគរបាលក៏បាន ធ្វើការឆែកឆេរលើខ្លួនជនសង្ស័យទាំងពីរនាក់នោះ និងកាបូបស្ពាយពួកគេ រកឃើញដាវមួយដើម ទើបចាប់ខ្លួនតែម្ដង ហើយកម្លាំងនគរបាលក៏បានសង្ស័យថាពួកគេគឺជាមុខសញ្ញាក្រុមចោរដែលត្រៀមកាប់ប្លន់បុរសអ្នករត់ម៉ូតូឌុបម្នាក់នោះផងដែរ។
បន្ទាប់មកកម្លាំងនគរបាលបាននាំទៅធ្វើការសាកសួរនៅផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ ហើយជននោះបានសារភាពថា ពួកខ្លួនទើបចេញពីជក់គ្រឿងញៀន នៅម្ដុំមុខមន្ទីរពេទ្យព្រះកុសុមៈ ស្ថិតក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ឆ្ពោះទៅកាន់ផ្ទះជួលស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ខណៈនោះអ្នករត់ម៉ូតូឌុបបានទម្លាក់ចោលនៅចំណុចកើតហេតុខាងលើ ហើយពួកគេប្រុងជិះម៉ូតូឌុបផ្សេងទៀត បន្តដំណើរទៅមុខទៀត ក៏ត្រូវនគរបាលឃាត់ខ្លួនតែម្ដង៕
ប្រភពដកស្រង់៖ https://kohsantepheapdaily.com.kh/article/152071.html



Leave a Comment